Pages

ព្រានព្រៃនិងសត្វស្វា

ព្រានព្រៃនិងសត្វស្វា

នៅ​ពេល​ដែល​ព្រាន​ព្រៃ​ចង់​ចាប់​សត្វ​ស្វា​ ពួក​គេ​យក​ដូង​មក​ចោះ​​ធ្វើ​ជា​រន្ធ​តូច​មួយ​ដែល​ស្វា​អាច​លូក​ដៃ​ចូល​បាន​ ហើយ​គេ​ដាក់​សណ្តែក​ដី​​នៅ​ក្នុងផ្លែ​​ដូង​ផង​ហើយ​គេ​រាយ​សណ្តែក​ដី​នៅ​ក្រៅ ​ដូង​ផងដើម្បី​ទាក់​ទាញ​ស្វា​ឲ្យ​មក​ស៊ី​។ មិន​យូរ​ប៉ុន្មាន​សត្វ​ស្វា​ក៏​មក​ដល់​ហើយ​ចាប់​ដើរ​រើស​សណ្តែក​ដី​នៅ​ក្រៅ​ ផ្លែ​ដូង​ស៊ី​ដោយ​រីក​រាយ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ​ធម្ម​ជាតិ​របស់​សត្វ​ស្វា​មិន​ដែល​ចេះ​គ្រប់​ គ្រាន់​ឡើយ​ មាន​សេចក្តី​លោភ​លន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

សត្វ​ស្វា​លូក​ដៃ​យក​សណ្តែក​ដី
បន្ទាប់​មក​ទៀត​វា​ក៏​បន្ត​ទៅ​លូក​យក​សណ្តែ​ក​ដី​ដែល​ព្រាន​ព្រៃ​ដាក់​នៅ ​ក្នុង​ដូង​នោះ​មក​ដើម្បី​យក​មក​ស៊ី​ទៀត​។ នៅ​ពេល​ដែល​វា​លូក​ដៃ​ចូល​ទៅ​វា​អាច​លូក​ដៃ​ចូល​បានយ៉ាង​ស្រួល​ ប៉ុន្តែ​នៅ​ពេល​ដែល​ដៃ​របស់​វា​ក្តាប់​សណ្តែក​ដី​នៅ​ក្នុង​ដៃ​ពេញ​ហើយ​ បាន​ធ្វើ​ឲ្យ​ដៃ​របស់​វា​ធំ​ជាង​ពេល​ដែល​លូក​ចូល​ ដូច្នេះ​វា​​មិន​អាច​ដក​ដៃ​ចេញ​មក​វិញ​បាន​ឡើយ។ វា​ចាប់​ផ្តើម​ខឹង​ផងស្រែក​ទ្រហោយំ​ផង​ហើយ​ភិត​ភ័យ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ប្រសិន​​បើ​វា​លា​ដៃ​ហើយ​បោះ​ចោល​សណ្តែក​ដី​ដែល​នៅ​ក្នុង​ដៃ​របស់​ វា​នោះ​ម្ល៉េះ​សម​​វា​ដក​ដៃ​ចេញ​បាន​ហើយអាច​​រត់​គេ​ច​ពី​ព្រាន​ព្រៃ​បាត់​ ទៅ​ហើយ ប៉ុន្តែ​វា​មិន​ព្រម​បោះ​ចោល​គ្រាប់​សណ្តែក​ដី​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​ របស់​វា​សោះ​ឡើយ​។ មួ​យ​សន្ទុះ​ក្រោយ​មក​ព្រាន​ព្រៃ​ក៏​មក​ឃើញ​ហើយ​ចាប់​វា​បាន​ដោ​យ​ងាយ។
មនុស្ស​យើង​ក៏​មិន​សូវ​ខុស​ពី​សត្វ​ស្វា​ប៉ុន្មាន​ដែរ​។ យើង​ចង់រួច​ចាក​សេចក្តី​ទុក្ខ​ ប៉ុន្តែ​មិន​ព្រម​លះ​បង់​សេចក្តី​ចង់​បាន​ហួស​ហេតុ​ទាល់​តែ​សោះ​ ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រាន​ព្រៃ​ពោល​គឺ​វាល​វដ្ត​សង្សារ​អាច​ចាប់​យើង​បាន​ដោយ​ងាយ។





លាពាក់ស្បែកតោ (លាពាក់ស្បែកខ្លា)

សម័យ ​ថ្ងៃមួយ​ សត្វ​លា​បាន​​ឃើញ​ស្បែក​តោ​ដែល​ព្រាន​ប្រមាញ់​ហាល​ទុក​ចោល​យក​មកពាក់។ បន្ទាប់​មក​វា​ក៏​បានដើរ​ចូល​ទៅ​ក្នុង​ភូមិ​ដោយ​ពាក់​ស្បែក​តោនេះ ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ភូមិ​ នាំ​គ្នា​រត់​​​ប្រាស​អាយុ។ វា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ក៏​លោត​រាំ​ហើយ​ស្រែក​យ៉ាង​ខ្លាំង! ពុទ្ធោ! វា​មិន​អាច​លាក់​សម្លេង​ពី​ធម្មជាតិ​របស់​វា​បានទេ! អ្នក​ភូមិ​ដឹង​ថា​វា​ជា​សត្វ​លា ក៏​នាំ​​ប្រមូល​គ្នា​ដេញ​វាយ​វា។ វា​រត់​ផុត​ចេញ​ពី​អ្នក​ភូមិ​ ក៏​ទៅ​ជួប​នឹង​កញ្ជ្រោង​១​ក្បាល។ កញ្ជ្រោល​ក៏​និយាយ​ថា៖ «​គ្រាន់​តែ​ស្តាប់​សម្លេង​ យើង​ដឹង​ថា​ឯងជា​នរណា​ទៅហើយ» និយាយ​ចប់​ វា​ក៏​លោត​សង្គ្រប់​ខាំ​លា​នោះ​​ស៊ី​បាត់​ទៅ​ហោង។
មូលន័យ៖ ខោ​អាវ​គ្រាន់​​តែ​ជា​គ្រឿង​បន្លំ ប៉ុន្តែ​ពាក្យ​សម្តី​បង្ហាញ​អំពី​ចរិត​មនុស្ស





រឿង           ដៃ


គេ​នាំ​គ្នា​ចោមរោម ​លោក ប៊ែរម៊ុតចេ ភ្នាក់​ងារ​ស៊ើប​អង្កេត ដែល​កំពុង​តែ​បញ្ចេញ​យោបល់​អំពី​ឃាតកម្មដ៏​​អាថ៌កំបាំងមួយ​​នៅ សាំង​គ្លូត។ អស់​រយៈពេល​មួយ​ខែ​មក​ហើយ ឧក្រិដ្ឋកម្ម​ដ៏​អាថ៌កំបាំង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ប៉ារីស​ភ័យ​រន្ធត់គ្រប់​ៗគ្នា។ គ្មាន​នរណា​ម្នាក់​អាច​ពន្យល់​​​អំពី​មូលហេតុ​របស់​វាបាន​​ទេ។
លោក ប៊ែរម៊ុតចេ បាន​និយាយ ប្រមូល​ភស្តុតាង ពិភាក្សាលើ​ទស្សនៈ​ផ្សេងៗ តែ​មិន​ចេញ​សេចក្តីសន្និដ្ឋាន​អ្វី​ទាំង​អស់។
ស្ត្រី​ជា​ច្រើន​ នាក់​បាន​ចោមរោម​សួរ​ដេញ​ដោល​គាត់ ដោយ​ក្រសែ​បាញ់​តម្រង់​ទៅ​បបូរ​មាត់​ភ្នាក់​ងារ​រូប​នេះ​ ចាំ​មើល​តែ​គាត់​បញ្ចេញ​វាចារ​មក។ ពួក​នាង​ភ័យរន្ធត់ ញាប់ញ័រ​ដោយ​សារ​តែ​រឿង​អាថ៌កំបាំង​នេះ ពួក​នាង​ចង់​ដឹង​ពីមូល​ហេតុ​នៃ​គ្រោះភ័យ​ដែល​មក​ញាំញី​ ដាក់​ទារុណកម្ម​ដល់​ព្រលឹង​របស់​ពួក​គេ។

មាន​នាង​ម្នាក់​ ដែល​មើល​ទៅ​ទំនង​ជា​ភ័យ​ខ្លាច​ជាង​គេ ស្រែក​ឡើង​ថា៖
គួរ​ឲ្យ​ខ្លាច​ណាស់។ ច្បាស់​ជាទង្វើ​នៃ​ផ្លូវ​ងងឹត​ហើយ។ ពួក​យើង​មិន​អាច​​រក​មូលហេតុ​ឃើញ​ទេ
ភ្នាក់​ងារ​នេះ​ក៏​បែរ​មុខ​ទៅ​រក​នាង ហើយ​និយាយថា៖
មែន ​ហើយ​អ្នក​ស្រី! ពួក​យើង​ប្រហែល​ជា​មិនអាច​​រក​មូលហេតុ​ឃើញ​ទេ។ ចំណែក​ឯ​ពាក្យ​ថា “​ផ្លូវ​ងងឹតដែល​អ្នក​ស្រី​ទើប​នឹង​ប្រើ​អំបាញ់​ម៉ិញ​នេះ វា​គ្មាន​ក្នុង​រឿង​នេះ​ទេ។ ឧក្រិដ្ឋកម្ម​នេះ ច្បាស់​ណាស់​ជា​ឧក្រិដ្ឋកម្ម​មួយ​ដែល​គេ​រៀប​ចំ​ឡើង​យ៉ាង​ប៉ិន​ប្រសប់ ធ្វើ​សកម្មភាព​បាន​យ៉ាង​ល្អ បាន​បិទបាំង​នូវ​រឿង​អាថ៌កំបាំង​នេះ​បាន​យ៉ាង​ជិត ដែល​យើង​មិន​អាច​រក​មូលហេតុ​ឃើញ​បាន។ តែ​និយាយ​ពីខ្ញុំ​វិញ ពីមុន​ខ្ញុំ​ធ្លាប់តាមដាន​បទ​ឧក្រិដ្ឋមួយ​ដែល​មាន​លក្ខណៈ​ប្លែក​អស្ចារ្យ​ ជាង​រឿង​នេះ​ទៅ​ទៀត។ តែ​មិន​បាច់​និយាយ​ពី​រឿង​នោះ​ទៀត​ទេ ព្រោះរក​មូល​​ហេតុ​មិន​ឃើញ។
ស្ត្រី​ជា​ច្រើន​នាក់​បាន​ស្រែក​ឡើង​ព្រម​គ្នា យ៉ាង​លឿន ដែល​ពេល​នោះ​ហាក់​ដូច​ជា​ចេញ​ពី​មាត់​តែ​មួយ៖
អ្ហហ! ​រឿង​នោះ​យ៉ាង​ម៉េច​ខ្លះ?”
លោក​ ប៊ែរម៊ុតចេ ​សើចទាំង​ប្រឹង។ គាត់​និយាយ​ថា៖
ខ្ញុំ ​ធ្លាប់​ជួប​នឹង​ហេតុការណ៍​មួយ ដែល​មើល​ទៅ​ហាក់​ដូច​ជា​អភិនីហារ​ណាស់។ តែ​ខ្ញុំ​មិន​ជឿ​លើ​រឿង​អបិយជំនឿ​ទេ។ ខ្ញុំ​ជឿ​លើ​មូលហេតុ​ធម្មតាតែ​ប៉ុណ្ណោះ។ តែថា ខ្ញុំ​មិន​ប្រើ​ពាក្យ​ថាដែល​កើត​ឡើង​ដោយ​ផ្លូវ​ងងឹតដើម្បី​សម្តែង​ពី​អ្វី​ដែល​យើង​មិន​ដឹង​ពន្យល់​ថាយ៉ាង​ម៉េចទេ ​ខ្ញុំ​ប្រើពាក្យ​ថា មិន​អាច​ពន្យល់​បាន”​វិញ។ ប្រើ​ពាក្យ​នេះ​វា​ហាក់​ដូច​ជា​គ្រាន់​បើ​ជាង​មុន​បន្តិច។
ទោះ​ យ៉ាងណា ក្នុង​រឿង​ដែល​ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​បន្តិចទៀត​នេះ ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នោះ គឺ​​កាលៈទេសៈ​ដែល​នៅ​ជុំវិញ​នោះ កាលៈទេសៈ​ដែល​ហាក់​ដូច​ជា​បាន​រៀប​ចំទុក។ រឿង​នោះ​គឺ​វា​អញ្ចេះ!​
កាល​នោះ​​ ខ្ញុំជា​ភ្នាក់ងារ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​នៅ អាសាក់ស្យូ ក្រុង​តូច​មួយ នៅ​មាត់សមុទ្រ​ដ៏​ស្រស់ស្អាត​មួយ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំខ្ពស់ៗ។​
អ្វី​ដែល​ខ្ញុំ​បាន ​​តាម​ដានភាគ​ច្រើន​​នៅ​ទី​នោះ​ ច្រើន​ជារឿង​គំនុំសង​សឹកគ្នា​ទៅ​វិញ​ទៅ​មក។ មាន​រឿង​កាច​សាហាវ​ឃោរឃៅ គួរឲ្យ​ខ្លាច សព្វ​បែប​យ៉ាង។ នៅ​ទី​នោះ​ពោរពេញ​ទៅ​ដោយ​កំហឹង​សងសឹក​គ្នា​សព្វ​បែប​យ៉ាង តាម​តែ​យើង​អាច​ស្រមើ​ស្រមៃ​ឃើញ មាន​ទាំងគំនុំ​ចាស់ គំនុំ​ថ្មី ដែល​មិន​ចេះ​រលត់ កលល្បិច​គួរ​ឲ្យ​ស្អប់​ខ្ពើម ឃាតកម្ម​ដែល​ក្លាយ​ជា​ការ​សម្លាប់​រង្គាល ឬ​ក៏​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​សកម្មភាព​ដែល​ល្បីល្បាញ​ទៅ​ហើយ។ អស់​រយៈ​ពេល​២ឆ្នាំ ខ្ញុំ​ឮ​គេ​និយាយ​តែ​អំពី​ការ​តថ្លៃ​ជីវិត​គ្នា តែ​អំពី​ទង្វើ​ឃោរឃៅ​ឥត​ពិចារណាដែល​បាន​បណ្តាល​ឲ្យ​កើត​មាន​កំហឹង​សង​សឹក​ គ្នាទៅ​វិញ​ទៅ​មក សងសឹក​ទៅ​លើ​សាច់ញាតិ​និង​មិត្ត​ភក្តិ។​
ខ្ញុំ​បាន​ឃើញ​មនុស្ស​ចាស់ និង កូន​ក្មេង​ត្រូវ​គេ​អារក។ ក្នុង​ក្បាល​របស់​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​រឿង​អស់​នេះ។
ថ្ងៃ​មួយ​ ខ្ញុំ​បាន​ដឹង​ថា មាន​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​មក​ជួល​កូន​វីឡា​តូច​មួយ​នៅ​ឆ្ងាយ​ដាច់​ពី​ គេ សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ទី​នោះ។ គាត់​បាន​នាំ​បម្រើ​បារាំង​ម្នាក់​មក​ពី​ម៉ារសីយ៍ នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​កាត់​ទី​នោះ។
បន្តិច​ក្រោយ​មក មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​នឹង​បុរស​ម្នាក់​នោះ ព្រោះ​គាត់​​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​តែ​ម្នាក់​ឯង​ឯកោ​ ហើយ​ចេញ​មក​ក្រៅ​តែ​ពេល​ដែល​ចេញ​បរបាញ់ និង​នេសាទ។ គាត់​មិន​ដែល​និយាយ​លេង​ជា​មួយ​នរណា​ម្នាក់​ឡើយ មិន​ដែល​ចូល​មក​ក្នុង​ក្រុង​ម្តង​ឡើយ ហើយ​នៅ​ព្រឹក​ឡើង គាត់​តែង​តែ​ហាត់​បាញ់​កាំភ្លើង​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង។
ពាក្យ​ចចាម​អារ៉ាម​ ជា​ច្រើន​បាន​កើត​ឡើង​ជុំវិញ​រឿង​គាត់។ គេ​និយាយ​ថាគាត់​ជា​អ្នក​ធំ​ម្នាក់​ដែល​រត់​ចោល​ស្រុក​ដោយ​សារ​ហេតុផល​ នយោបាយ ក្រោយ​មក​ថា គាត់​មក​លាក់​ខ្លួន​នៅ​ទី​នេះ​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋមួយ។ ពួក​គេ​ថែម​ទាំង​រៀបរាប់​ទង្វើ​អាក្រក់​គួរ​ឲ្យ​ស្អប់​របស់​គាត់ថែម​ទៀត​ផង។
ដោយ​សារ​តែ​ខ្ញុំ​ ជា​ភ្នាក់​ងារ​ស៊ើប​អង្កេតពី​​បទ​ឧក្រិដ្ឋ ខ្ញុំ​ក៏​ទៅ​សាក​សួរពួក​គេ​​ពី​បុរស​ម្នាក់​នោះ តែគ្មាន​បាន​ការ​អ្វី​ទាំងអស់។ ត្រឹម​តែ​ដឹង​គាត់​មាន​ឈ្មោះ​ថា ចន រ៉ូវែល។
ដូច្នេះ​ខ្ញុំ​ សុខចិត្ត​នៅ​ចាំ​ឃ្លាំ​មើល​បុរស​ម្នាក់​នោះ​វិញ​ល្អ​ជាង ប៉ុន្តែ​ខ្ញុំ​គ្មាន​ឃើញ​អ្វី​គួ​ឲ្យ​សង្ស័យ​ពី​បុរស​នោះ​សូម្បី​តែ​បន្តិច។
តែ​ដោយ​សារ​តែ​ ពាក្យ​ចចាម​អារ៉ាម​ចេះ​តែ​រីកសុះសាយ​ទៅៗ ហើយ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ដែល​គេ​និយាយ​គ្រប់​គ្នា ខ្ញុំ​ក៏​សាកល្បងទៅ​ជួប​បុរស​នោះ​ដោយ​ផ្ទាល់​តែ​ម្តង ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ជា​ទៅ​បរបាញ់​សត្វ​នៅ​ក្បែរ​ៗ​ដី​របស់​បុរស​នោះ។
ខ្ញុំ​បាន​ចាំ​ឱកាស ​ល្អ​មួយ​ដ៏​យូរអង្វែង​។ ពេល​មួយ​នោះ ខ្ញុំ​បាញ់​បាន​​បក្សី​មួយ នៅ​នឹង​ច្រមុះ​​របស់​បុរស​អង់គ្លេស​នោះ។​ ឆ្កែ​របស់​ខ្ញុំ​ក៏​រត់​ទៅ​ពាំ​សត្វ​នោះ​មក​ឲ្យ​ខ្ញុំ តែ​ភ្លាម​ៗ​វា​ទៅ​ពាំ​យក​សត្វ​ដែល​បុរស​នោះ​បាញ់​បាន​មក​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​ក៏​ទៅ​សុំទោស​គាត់ ហើយ​ជូន​សត្វ​ដែល​ខ្ញុំ​បាញ់​បាន​ទៅ​គាត់។
គាត់​ជា​បុរស​ ម្នាក់​ ខ្ពស់ មាឌ​ធំដូច​យក្ស សក់​ក្រហម ពុកចង្ការ​ក្រហម មាន​ឬកពារ​រមទម។ គាត់​គ្មាន​អ្វី​ដែល​មើល​ទៅ​ថា​អាក្រក់​ដូច​ពាក្យ​ចោទ​នោះ​ទេ គាត់​បាន​អរគុណ​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​សត្វ​នោះ​ដល់​គាត់។ អស់​រយៈ​ពេល​មួយ​ខែ​ក្រោយ​មក ពួក​យើង​បាន​ជជែក​គ្នា​ចំនួន​ប្រាំ​ ប្រាំ​មួយ​ដង។
នៅ​ល្ងាច​មួយ​នោះ ពេល​ខ្ញុំ​ដើរ​កាត់​មុខ​ផ្ទះ​របស់​គាត់ ខ្ញុំ​ឃើញ​គាត់​ជក់​ខ្សៀ​ អង្គុយ​លើ​កៅ​អី​មួយ នៅ​ក្នុង​សួន​ច្បារ។ ខ្ញុំ​ជម្រាប​សួរ​គាត់ ហើយ​គាត់​ក៏​បាន​អញ្ជើញ​ខ្ញុំ​ចូល​ផឹក​ប៊ីយែរ​។ ខ្ញុំ​ក៏​យល់​ព្រម​តាម​គាត់។
គាត់​បាន​ទទួល​ ខ្ញុំ​យ៉ាង​រាក់ទាក់​តាម​ទម្លាប់​បែប​​អង់គ្លេស​ និយាយ​លេង​ពី​នេះ​ពី​នោះ​ជា​មួយ​ខ្ញុំ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ចូល​ចិត្ត​ស្រុក​នេះ និង សមុទ្រ​នេះ​ណាស់។
ខ្ញុំ​ក៏​សួរ​គាត់​ ដោយ​ប្រុង​ប្រយត្ន​ ក្រោម​រូប​ភាព​ដែល​ចង់​ដឹង​ចង់​ស្តាប់ ពី​ជីវិត​របស់​គាត់ ពី​គម្រោង​របស់​គាត់។ គាត់​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​រួញ​រា គាត់​បាន​រៀប​រាប់​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ច្រើន​កន្លែង​ណាស់​លើ​លោក​យើង​នេះ គាត់​បាន​ទៅ​ដល់​ឥណ្ឌា អាព្រិច អាមេរិច។ គាត់​បាន​បន្ថែម ដោយ​សើច​បណ្តើរ​ថា
ខ្ញុំ​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ច្រើន​កន្លែង​ណាស់ អូ​យែស!
បន្ទាប់​មក​ខ្ញុំ​ នាំ​គាត់​និយាយ​អំពី​ការ​បរបាញ់ គាត់​ក៏​បាន​និយាយ​យ៉ាង​លម្អិត​អំពី​ការ​បរបាញ់​។ គាត់​បាន​និយាយ​អំពី​ការ​បរបាញ់​រមាស ខ្លា ដំរី ហើយ​មាន​ទាំង​បរបាញ់​ស្វា​គោរីទៀត​ផង។
ខ្ញុំ​និយាយ​ថា
សត្វ​អស់​នេះ គួរ​ឲ្យ​ខ្លាច​ណាស់
គាត់​ញញឹម​ ហើយ​និយាយ​ថា
អូណូ! គួរ​ឲ្យ​ខ្លាចជាង​គេ​គឺ​មនុស្ស!
គាត់​សើច​យ៉ាង​ខ្លាំង រួច​បន្ថែម​ថា
ខ្ញុំ​ធ្លាប់​ទាំង​បរ​បាញ់​មនុស្ស​ថែម​ទៀត​ផង
បន្ទាប់​មក​គាត់​ក៏ ​និយាយ​អំពី​អាវុធ ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ចូល​ក្នុង​​ផ្ទះ​របស់​គាត់​ ដើម្បី​បង្ហាញ​អំពី​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ។
បន្ទប់​ទទួល​ភ្ញៀ​វ ​របស់​គាត់​ក្រាល​ដោយ​កម្រាល​ខ្មៅ ធ្វើ​ពី​ក្រណាត់​សូត្រ​ខ្មៅ​ មាន​ជាយ​មាស។ នៅ​កណ្តាល​មាន​ប៉ាក់​ផ្កា​ពណ៌​លឿង ភ្លឺ​ដូច​ភ្លើង។
គាត់​ប្រាប់​ខ្ញុំ​ថា
“​នេះ​ជា​កម្រាល​ជប៉ុន
នៅ​ចំកណ្តាល​បន្ទះ​ ក្តារ​ធំ​មួយ មាន​វត្ថុ​ចម្លែក​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍។ នៅ​លើ​ការេ​មួយ ដែល​បរិមាត្រ​ពណ៌​ក្រហម មាន​វត្ថុ​ខ្មៅ​មួយជាប់​នៅ​ទី​នោះ។ ខ្ញុំ​ដើរ​ទៅ​ជិត គឺ​ជា​ដៃ​មួយ ដៃ​របស់​មនុស្ស​ប្រុស។ មិន​មែន​ឆ្អឹង​ដៃ​ទេ ពណ៌​ស ស្អាតទេ តែ​ជា​ដៃ​ខ្មៅ​ស្ងួត​មួយ មាន​ក្រចក​ពណ៌​លឿង មាន​សាច់​ដុំ​លៀន​ចេញ​មក​ក្រៅ មាន​ស្នាម​ឈាម​កក​ជាប់​នៅ​ទី​នោះយូរ​មក​ហើយ ឈាម​ឡើង​ខ្មៅ​ដូច​ក្អែល ឆ្អឹង​ដៃ​នោះ​ដាច់​ត្រឹម ដូច​ជា​ត្រូវ​តែ​មួយ​ពូថៅ ដាច់​ត្រឹម​ពាក់​កណ្តាល​ដើម​ដៃមុខ។
នៅ​ជុំ​វិញ​ក​ដៃនោះ មាន​ច្រវាក់​ដែក​ដ៏​ម៉ាំ​មួយ​ ដែល​អាច​នឹង​ចង​ដំរី​មួយ​ជាប់ ចាប់​ភ្ជាប់​ដៃ​នោះ ទៅ​នឹង​ជញ្ជាំង។
ខ្ញុំ​សួរ​គាត់​ថា
ស្អី​គេ​ហ្នឹង?”
បុរស​អង់គ្លេស​នោះ​តប​មក​វិញ​ដោយ​ស្ងៀម​ស្ងាត់​ថា
ជា​ សត្រូវ​របស់​ខ្ញុំ។ វា​មក​ពី​អាមេរិច។ ខ្ញុំ​កាត់​វា​ដោយ​ដាវ ហើយ​បកស្បែក​ចេញ​ រួច​យក​ទៅ​ហាល​ថ្ងៃ​​អស់​ប្រាំបី​ថ្ងៃ។ អាមួយ​នេះ ឡូយ​​ណាស់​សម្រាប់​ខ្ញុំ។
ខ្ញុំ​ស្ទាប​ដៃ​នោះ មើល​ទៅ​ទំនង​ជា​ដៃ​របស់​មនុស្ស​មាឌ​ធំ​ម្នាក់។ ម្រាម​ដៃ វែង​ៗ ដែល​បញ្ជា​ដោយ​សាច់ដុំ​យ៉ាង​ធំ ដែល​មាន​ស្បែក​ជាប់​តិច​ៗ​ផង។ ដៃ​នោះ​មិន​សម​គួរ​នឹង​មើល​ទេ គួរ​ឲ្យ​ខ្លាច​ណាស់ វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ការ​សងសឹកគ្នា​​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មួយ។
ខ្ញុំ​និយាយ​ថា
បុរស​ម្នាក់​នេះ​ច្បាស់​ជា​ខ្លាំង​ហើយ 
បុរស​អង់គ្លេស​និយាយ​មក​វិញ​តិចៗ​ថា
អូ​យែស តែ​ខ្ញុំ​ខ្លាំង​ជាង​វា។ ខ្ញុំ​ដាក់​ច្រវាក់​នេះ​ដើម្បី​ចង​វា។
ខ្ញុំ​គិត​ថា​គាត់​និយាយ​លេង។ ខ្ញុំ​និយាយ​ថា
ច្រវាក់​នេះ ឥលូវ​នេះ​គ្មាន​ប្រយោជន៍​ទេ ដៃ​នេះ​មិន​អាច​ធ្វើ​អី​កើត​ទេ
លោក​ចន រ៉ូ​វែល​តប​មក​វិញ​ដោយ​តឹង​តែង​ថា
ដៃ​នេះ​វា​ចង់​លួច​រត់​រហូត។ ច្រវាក់​នេះ​គឺ​ពិត​ជា​ចាំបាច់។
ខ្ញុំ​លួច​មើល​ទឹក​មុខរបស់​​គាត់ រួច​គិត​ក្នុង​ចិត្ត​ថា
តើ​បុរស​នេះ​ឆ្កួត ឬ​និយាយ​លេង​សើច​ជា​មួយ​ខ្ញុំ?”
ប៉ុន្តែ​ទឹក​មុខ​ របស់​គាត់​មិន​ប្រែ​ប្រួល​ទេ ស្ងៀមស្ងាត់ ហើយ​ប្រុង​ប្រយត្ន។ ខ្ញុំ​ក៏​ដូរ​ប្រធានបទ ហើយ​ខ្ញុំ​ក៏​នាំ​គាត់​និយាយ​អំពី​កាំភ្លើង។
ខ្ញុំ​កត់​សម្គាល់​ ឃើញ​ថា កាំភ្លើង​បី​ដើម​បាន​ដាក់​គ្រាប់​ជា​ស្រេច​ ទុក​ចោល​​លើ​តុ មើល​ទៅ​ហាក់​ដូច​ជា​បុរស​ម្នាក់​នេះ​ កំពុង​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ជា​និរន្ត​ ពី​ការ​វាយ​ប្រហារ​ណា​មួយ​អញ្ចឹង។ ខ្ញុំ​មក​លេង​ផ្ទះ​គាត់​ជា​ញឹក​ញាប់។ ក្រោយ​មក​ខ្ញុំ​ក៏​ឈប់​ទៅ​លេង​ផ្ទះ​​គាត់​ទៀត។ អ្នក​ស្រុក​នោះ​ក៏ចាប់​ផ្តើម​​ស៊ាំ​នឹង​វត្ត​មាន​របស់​គាត់ ហើយ​គាត់​ក៏​លែង​ក្លាយ​ជា​មនុស្ស​ចម្លែក​ទៀតដែរ។
មួយ​ឆ្នាំ​ពេញ​បាន​ កន្លង​ផុត​ទៅ។ នៅ​ព្រឹក​មួយ​នោះ នៅ​ចុង​ខែ​វិច្ឆិកា បម្រើ​របស់​ខ្ញុំ​ម្នាក់​បាន​មក​ដាស់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា លោក ចន រ៉ូវែល​ ត្រូវ​បាន​គេ​លួច​សម្លាប់​កាល​ពី​យប់​ បាត់​ទៅ​ហើយ។
កន្លះ​ម៉ោង​ក្រោយ​ មក ខ្ញុំ​ក៏​ទៅ​ដល់​ផ្ទះ​របស់​គាត់ ជា​មួយ​នឹង​ស្នង​ការ​ និង​កាពីទែន​ប៉ូលីស។ អ្នក​បម្រើ ភ្លេចភ្លាំង​ស្មារតី និង​អស់​សង្ឃឹម កំពុង​តែ​យំ​នៅ​មាត់​ទ្វារ។ ពី​ដំបូង​ខ្ញុំ​សង្ស័យបុរស​​ម្នាក់​នេះ​ជា​ឃាតករ តែ​គាត់​ជា​ជន​រង​គ្រោះ។
យើង​មិន​អាច​រក​ឃើញ ​ឃាតករ​រហូត​មក​ដល់​សព្វថ្ងៃ។ នៅ​ពេល​ដែល​ចូល​ទៅ​ដល់​ក្នុង​សាឡុង​របស់​ ចន ខ្ញុំ​ឃើញ​ដំបូង​គឺ​ ខ្មោច​របស់​គាត់​ដេក​សន្ធឹង​នៅ​កណ្តាល​ផ្ទះ។
អាវ​របស់​គាត់​រហែក ដៃ​អាវ​រហែក​មួយ​នៅ​ទី​នោះ ទាំង​នេះ​បញ្ជាក់​ថា មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទី​នេះ។
បុរស​អង់គ្លេស​ ស្លាប់​ដោយ​គេ​ច្របាច់​ក។ មុខ​របស់​គាត់​ហើម​ខ្មៅ គួរ​ឲ្យ​ខ្លាច ហាក់​ដូច​ជា​សម្តែង​ចេញ​ដើម្បី​បន្លាច​អ្វី​មួយ។ នៅ​ចន្លោះ​ធ្មេញ​របស់​គាត់​មាន​វត្ថុ​អ្វី​មួយ ហើយ​ក​របស់​គាត់​មាន​ធ្លុះ​រន្ធ​ប្រាំ ដែល​គេ​និយាយ​ថា ធ្លុះ​ដោយ​ប្រើ​ដែក​ចាក់ ហើយ​ក​នោះ​ស្រោច​ស្រព​ដោយ​ឈាម។​
គ្រូ​ពេទ្យពិនិត្យ​សព​​ម្នាក់បាន​មក​ដល់។ គាត់​ពិនិត្យ​ស្នាម​ម្រាម​ដៃ​នៅ​លើ​កៅអី ហើយ​និយាយ​យ៉ាង​ចម្លែក​ថា
បុរស​នេះស្លាប់​​ដោយ​​គ្រោង​ឆ្អឹងមួយ
ឮ​បែប​នេះ ខ្ញុំ​ព្រឺ​ឆ្អឹង​ខ្នង ខ្ញុំ​ចោល​ភ្នែក​ទៅ​មើល​លើ​ជញ្ជាំង ត្រង់​កន្លែង​ដែល​ដាក់​ដៃ​នោះ។ ដៃ​នោះ​លែង​នៅ​កន្លែង​នោះ​ទៀត។ ច្រវាក់​នោះ​ដាច់ ហើយ​នៅ​ព្យួរ​ចោល​នៅ​ទី​​នោះ​ដដែល។
ខ្ញុំ​ពិនិត្យ​មើល​ ក្នុង​មាត់​របស់​បុរស​នោះ ខ្ញុំ​ឃើញ​ម្រាម​ដៃ​មួយ​របស់​ដៃ​ដែល​បាត់​នោះ ត្រូវ​ដាច់​ដោយ​សារ​ធ្មេញ​របស់​បុរស​អង់គ្លេស​នោះ។
បន្ទាប់​មក​យើង​ ចាប់​ផ្តើម​ពិនិត្យ​មើល​ក្នុង​ផ្ទះ។ ទ្វារ​នៅ​ដដែល​គ្មាន​ខូច​ខាត​អ្វី​ទាំងអស់ បង្អួច តុ ទូ នៅ​ទាំងអស់។ ឆ្កែ​យាម​ផ្ទះ​ទាំង​ពីរ​មិន​បាន​ភ្ញាក់​ទៀត។
ហើយ​នេះ​ជា​សម្តី​របស់​អ្នក​បម្រើ​របស់​បុរស​អង់គ្លេស​នោះ
អស់​រយៈ​ពេល​មួយ​ខែ ​ហើយ ចៅហ្វាយ​របស់​គាត់​មើល​ទៅ​ហាក់​ដូច​ជា​ខឹង​នឹង​អ្វី​មួយ។ គាត់​បាន​ទទួល​សំបុត្រ​ជា​ច្រើន គាត់​យក​វា​ទៅ​ដុត​ចោល។  
ជា​ញឹក​ញាប់ គាត់​តែង​តែ​យក​ខ្សែ​តីមួយ វាយ​ដៃ​ក្រៀម​នោះ​ ទាំង​កំហឹង​ ហាក់​ដូច​ជា​ខ្មោច​ចូល។ តែ​គ្មាន​នរណា​ដឹង​ថា​វា​យ៉ាង​ម៉េច​ខ្លះ​ទេ នៅ​ពេល​ដែល​រឿង​នោះ​កើត​ឡើង។​
គាត់​ចូល​ដេក​យប់​ ជ្រៅ ហើយ​បិទ​ទ្វារ​ផ្ទះ ទ្វារ​បន្ទប់​យ៉ាង​ប្រុង​ប្រយត្ន។ គាត់​កាន់​កាំភ្លើង​នៅ​នឹង​ដៃ​ជាប់​​រហូត។ ស្ទើរ​តែ​ជា​រៀង​រាល់​យប់ គាត់​និយាយ​ខ្លាំងៗ ដូច​ជា​ឈ្លោះ​ជា​មួយ​នរណា​ម្នាក់។
នៅ​យប់​នោះ​គេ​ គ្មាន​ឮ​សម្លេង​អ្វី​ទាំងអស់​ គឺ​នៅ​ត្រឹម​ពេល​ដែល​អ្នក​បម្រើ​នោះ​មក​បើក​បង្អួច ទើប​ដឹង​ថា ចន​ត្រូវ​បា​ន​គេ​សម្លាប់​បាត់​ទៅ​ហើយ។ បម្រើ​នោះ​គ្មាន​សង្ស័យ​នរណា​ទាំងអស់។
ខ្ញុំ​បាន​ទាក់​ទង​ទៅ​គ្រប់​ផ្នែក​ទាំងអស់ ហើយ​គេ​ក៏​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​ភ្លាមៗ​ដែរ។ តែ​គ្មាន​រក​ឃើញ​អ្វី​ទាំងអស់។
តែ​នៅ​យប់​មួយ បី​ខែ​ក្រោយ​ឃាតកម្ម​នោះ ខ្ញុំ​បាន​យល់​សប្តិអាក្រក់មួយ។ ខ្ញុំ​ឃើញ​ដៃ​នោះ ដៃគួរ​ឲ្យ​ខ្លាច​នោះ រត់​ដូច​ខ្យារ​ដំរី ឬ​ដូច​ពីងពាង នៅ​លើ​វាំងនន​ និង ជញ្ជាំង​របស់​ខ្ញុំ​។ ខ្ញុំ​ដេក​ភ្ញាក់​ៗ​បី​ដង យល់​សប្តិ​ឃើញ​តែ​ដៃ​នោះ។
នៅ​ស្អែក​ឡើង គេ​បាន​យក​ដៃ​នោះ​មក​ឲ្យ​ខ្ញុំ។ គេ​បាន​រក​ឃើញ​វា​នៅ​លើ​ផ្នូរ​របស់​លោក ចន រ៉ូវែល។ គេ​មិន​ស្គាល់ក្រុម​​គ្រួសារ​របស់​ដៃ​នោះ។ ដំណឹង​មិន​គ្រប់​គ្រាន់។
នេះ​ហើយ​អស់​លោក​ស្រី ជា​រឿង​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​អ្វី​លើស​ពី​នេះ​ទេ។
ពួក​ស្ត្រី​ទាំង​នោះ​ភ័យ​តក់ស្លុត​ជា​ខ្លាំង។
នាង​ម្នាក់ស្រែក​ថា
“​តែ ​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ឯ​ណា ហើយ​ក៏​មិន​មែន​ជា​ការ​ពន្យល់​ដែរ! ពួក​យើង​ដេក​មិនលក់​ទេ បើ​លោក​មិន​លោក​មិន​និយាយ​ប្រាប់​ពួក​យើង​ពី​មូល​ហេតុ​ទេ។
លោក​ ប៊ែរម៊ុតចេ ក៏​ញញឹម​តប​​បែប​សាហាវ​
ហូហ! អ្នក​​ស្រីអើយ ​ខ្ញុំប្រាកដ​ជា​ជួយ​មិន​ឲ្យ​ពួក​អ្នក​ស្រី​ភ័យ​ព្រួយ​ទេ។ ខ្ញុំ​គិត​ដោយ​សាមញ្ញ​ថា ម្ចាស់​ដៃ​នោះ​ប្រាកដ​ជា​នៅ​រស់ វា​ច្បាស់​ជា​មក​រក​អ្នក​ដែលកាត់​​ដៃ​របស់​វា​នោះ។ គ្រាន់តែ​ខ្ញុំ​មិន​ដឹង​ថា​ វា​ធ្វើ​យ៉ាង​ម៉េច​បាន ប៉ុណ្ណោះ។ នេះគ្រាន់​តែ​ជា​​ការ​សង​សឹក​មួយ​ប្រភេទប៉ុណ្ណោះ។
ស្ត្រី​ម្នាក់​និយាយ​រអ៊ូរ​ថា
ទេ វា​ប្រាកដ​ជា​មិនមែន​អញ្ចឹង​ទេ
លោក​ ប៊ែរម៊ុតចេ ញញឹម​រហូត និយាយ​ថា
ខ្ញុំ​និយាយ​ហើយថា ពួក​អ្នក​ស្រី​ច្បាស់​ជា​មិន​ជឿ​ការ​ពន្យល់​របស់​ខ្ញុំ​ទេ

 ចប់
 —————————————————————–
Guy de Maupassant
១៨៥០-១៨៩៣
ជាអ្នក​ និពន្ធ​ជាតិ​បារាំង​ដ៏ល្បីល្បាញ​នៅ​សវទី១៩។ គាត់​ជា​កំពូល​អ្នក​និពន្ធ​រឿង​ខ្លីបែប​ទំនើប។ គាត់​បាន​សរសេរ​រឿង​ខ្លី​ៗ​ប្រហែល​ជា​៣០០​រយ​រឿង និង ប្រលោម​លោក​៦​រឿង។ ស្នាដៃ​ល្បី​ៗ​របស់​គាត់ មាន​ដូច​ជា
Une Vie ; Bel-Ami ; Pierre Et Jean; Le Horla
ម៉ូប៉ាស្សង់​ បាន​កើត​ជំងឺ​ស្វាយ​រ៉ាំរ៉ៃ​ (កាមរោគ)តាំង​ពី​អាយុ​ជាង​ម្ភៃ​។ ជំងឺ​នេះ​ក្រោយ​មក​បណ្តាល​អោយ​គាត់​មាន​វិបត្តិ​សរសៃ​ប្រសាទ រហូត​ដល់ថ្ងៃ​គាត់​​ស្លាប់។