Pages

ច្បាប់​ព្រះ​បន្ទូល​ចែង



ច្បាប់​ព្រះ​បន្ទូល​ចែង
បទ​កាក​គតិ
ទើប​ចែង​ជា​ច្បាប់ ទូន្មាន​មហា​គាប់ តែង​ជា​និទាន
តាម​ដោយ​គន្លង ព្រេង​ព្រឹទ្ធ​បុរាណ ប្រាជ្ញ​លោក​និទាន
ប្រដៅ​បុត្រ​ភ្ងា ។
ហៃ​កូន​ពន្លក ស្ងួន​អើយ​បា​យក បណ្ដាំ​បិតា
ជី​ពុក​នេះ​ចាស់ ឥត​អ្វី​ឲ្យ​បា ស្ងួន​អើយ​រក្សា
ពាក្យ​ជីពុក​នៅ ។
ឱ​កូន​កំសត់ រៀន​ឱន​រៀន​អត់ រៀន​គិត​ក្នុង​ក្រៅ
រៀន​ឱន​លំទោន កុំ​ឲ្យ​អា​សៅ ហ្មង​ដល់​ខ្លួន​ចៅ
កើត​ដល់​ជនក ។
ដឹង​ឆ្លើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ដ្បិត​តែ​អា​ពុក
ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​រៀប​ដាក់​ទុក ប្រះ​ដេក​ឆាប់​លក់
ដ្បិត​ឥត​បើ​គិត ។
ចំណង​ទាំង​ឡាយ ១ កិច្ច​កល​ដោះ​ស្រាយ ដ្បិត​តែ​គំនិត
ដឹង​កិច្ច​ដឹង​កល ដឹង​ឆ្ងាយ​ដឹង​ជិត ដូច​កល់​កាំបិត
កាប់​ឆ្កា​ទំលាយ ។
ល្មម​ទៅ​ល្មម​ខាន ល្មម​ដើរ​បំពាន កុំ​គិត​ត្រង់​ឆ្ងាយ
ល្មម​ឈប់​បង្អង់ ល្មម​ខាន​នៅ​អាយ ក្ដី​ក្រ​កុំ​ស្ដាយ
ក្ដី​ងាយ​កុំ​ធ្វេស ។
សូវ​ដើរ​កុំ​ដេក សូវ​ថប់​កុំ​ត្រេក សេចក្ដី​ប្រហែស
សូវ​ខាន​កុំ​ពារ ចចើង​ចចេស សូវ​ចូល​កុំ​ចៀស
វាស​រួច​សឹម​គូរ ។
លឿន​កុំ​បំបោល ពាក្យ​ព្រេង​កុំ​ចោល ខឹង​កុំ​រទូរ
ស្រាយ​ចេញ​ឲ្យ​ឆាប់ កុំ​ឲ្យ​ទុក​យូរ សេចក្ដី​នោះ​ធូរ
នឹង​ដឹង​ខុស ត្រូវ ។
ដេក​កុំ​ដំងើច គេ​ក្រ​កុំ​សើច គេ​ភ័យ​កុំ​ព្យូហ៍
ទោះ​ខឹង​ប៉ុន្មាន ធ្វើ​ឋាន​ឲ្យ​គួរ តឹង​គិត​ឲ្យ​ធូរ
យូរ​គិត​ឲ្យ​ឆាប់ ។
សេចក្ដី​សំរុង ពាក្យ​ដើម​ពាក្យ​ចុង ប្រកាន់​ឲ្យ​ខ្ជាប់
សូវ​នឿយ​ឯ​ខ្លួន កុំ​ឲ្យ​បង់​ទ្រព្យ សូវ​បង់​ក្ដី​គាប់
កុំ​ឲ្យ​ខ្លួន​ស្លាប់ ។
សូវ​ស្លាប់​ទៅ​ជា កុំ​បង់​ធម្មា ឥរិយា​សីល​គាប់
ឲ្យ​គិត​ជញ្ជឹង រំពឹង​ឲ្យ​សព្វ ពាក្យ​ស្លែង​កុំ​ស្អប់
ពាក្យ​គាប់​ឲ្យ​យក ។
ចង់​ដូង​ឲ្យ​ទុក្ខ២ ចង់​បាន​ក្ដី​សុខ ឲ្យ​ស្វែង​ដើរ​រក
ឃើញ​ច្បាប់​ធម៌​ផង ឲ្យ​យក​ខ្លួន​ជ្រក ក្ដី​សោក​មម៉ោក
ឲ្យ​ចៀស​ចេញ​ឆ្ងាយ ។
កូន​អើយ​លោកិយ នេះ​ឲ្យ​រៀន​ក្ដី រៀន​ច្បាប់​ទាំង​ឡាយ
រៀន​ទាំង​សំដី កុំ​បី​រាយ​មាយ ក្ដី​ក្រ​ក្ដី​ងាយ
ក្ដី​គួរ​ក្ដី​សម ។
ឱ​កូន​ពុំ​ងា ធម្មតា​អ្នក​ជា រៀន​ថែ​រៀន​ទាំ
រៀន​ដាក់​រៀន​ទុក រៀន​រៀប​រៀន​ចំ រៀន​រក​សន្សំ
លក់​ចេញ​ទិញ​ចូល ។
មួយ​សោត​ឯ​ច្បាប់ បើ​បា​មាន​ទ្រព្យ មនុស្ស​ផង​មក​មូល
ពឹង​ពាក់​បាណា បា​យក​ប្រមូល សន្សំ​ផ្សំ​ចូល
យក​មក​ជា​គ្នា ។
កូន​អើយ​ឯ​ម្លប់ មនុស្ស​ចូល​ឈប់ សម្រាន្ត​អាត្មា
ព្រោះ​ឈើ​មាន​ម្លប់ ត្រសុំ​សាខា ម្ដេច​ឡើយ​ប្រែ​ជា
ក្ដៅ​ជ្រក​ពុំ​បាន ។
មនុស្ស​ផង​រម្លង រក​ម្លប់​ទៀត​ហោង ចូល​ចត​សម្រាន្ត
ម្លប់​នេះ​ត្រជាក់ ត្រសាក់​ក្សេមក្សាន្ត មនុស្ស​ផង​ចូល​ថ្កាន
មិន​មាន​ហៅ​អាក់ ។
ឧបមា​ដូច​ទឹក ជ្រាល​ជ្រៅ​ពន្លឹក ជា​ទី​សំណាក់
មច្ឆា​ទាំង​ឡាយ ចេញ​ចូល​ពឹង​ពាក់ ព្រោះ​ទឹក​ត្រជាក់
មិន​មាន​ហ្មង​សៅ ។
ពុំ​ដឹង​ឡើយ​ឯ ទឹក​ម្ដេច​មក​បែរ ប្រែ​ទៅ​ជា​ក្ដៅ
មច្ឆា​ទាំង​ឡាយ ព្រាត់​ព្រាយ​រត់​ទៅ រក​ទឹក​ទៀត​នៅ
សំណាក់​អាត្មា ។
កូន​អើយ​បើ​ច្នោះ អសារ​កេរ្តិ៍​ឈ្មោះ ត្រូវ​ត្រង់​ខ្លួន​បា
ព្រៀង​លាន​ទាំង​ឡាយ គេ​នឹង​និទ្ទា ដំនៀល​ដៀល​ថា
បា​ឯង​ពុំ​ចេះ ។
អ័ប្ប​ឥត​ប្រាជ្ញ អ័ប្ប​ទាំង​ឥរិយា យោបល់​ចំណេះ
អ័ប្ប​ទាំង​មារយាទ អ័ប្ប​ទាំង​ដម្រិះ ដ្បិត​បា​ឯង​នេះ
ពុំ​ចេះ​រក្សា ។
គួរ​នា​ដូច​ទឹក កូន​អើយ​បើ​ល្គឹក ពុំ​មាន​មច្ឆា
តូច​មួយ​ឈប់​ជ្រក នៅ​ក្នុង​គង្គា ពុំ​រាប់​ហៅ​ជា
ប្រសើរ​ឡើយ​ហោង ។
មួយ​សោត​អ្នក​ណា គេ​មក​ប្រាប់​ថា ដ្បិត​បា​ធ្វើ​ឆ្គង
បា​គិត​ជញ្ជឹង រំពឹង​ដើម​ទង កុំ​បា​ផ្ដោះ​ផ្ដង
ផ្អៀង​ផ្អង​ពុំ​ស្ដាប់ ។
ទូក​ហួស​កំពង់ រា​ចែវ​បង្អង់ ថយ​មក​ចូល​ចាប់
ពាក្យ​លឿន​ហួស​ខ្នាតហៅ​ឥត​គំនាប់ ថយ​មក​រក​គាប់
ពុំ​បាន​ឡើយ​ណា ។
អង្គុយ​ហួស​ស័ក្ដិ ស្រដី​ហួស​ថ្នាក់ បង់​បោយ​ហួស​ស្មា
ពុំ​មើល​ប្រមាណ នឹង​ប្រាណ​អាត្មា ហា​ហួស​ចង្កា
ថា​ហួស​សេចក្ដី ។
រី​ឯ​កង្កែប មុខ​ដូច​គេ​ពេប ហា​ឡើង​ស្រដី
អួត​ឯង​កំឡាំង ដល់​នឹង​ដំរី ទោះ​ទាំង​រាជ​សីហ៍
ក៏​អញ​មិន​ខ្លាច ។
មួយ​សោត​ចចក ដក​ក្រចក​អក១ អួត​អាង​អំណាច
នឹង​ជ្រែក​ប្រឹឋពី ទៅ​ខាំ​នាគ​រាជ ដណ្ដើម​យក​រាជ្យ
ភូមិ​ភព​នា​គា ។
រី​សត្វ​អណ្ដើក វារ​ឡើង​វើក ៗ មក​អួត​អាត្មា
ថា​អញ​នឹង​លោត រំលង​បព្វតា ហេតុ​ក្ដី​មោហា
ពុំ​ដឹង​ខុស​គាប់ ។
រី​ឯ​គីង្គក់ លោត​ឡើង​ពី​ភក់ មើល​ទៅ​គួរ​ស្អប់
អួត​ខ្លួន​ថា​ល្អ ដូច​មាស​ទឹក​ដប់ ពង្ស​អញ​ចំប្រប់២
ដូច​រាជ​សីហា ។
ហា​ឡើង​មិន​ធ្យាន ស្ដី​មិន​ប្រមាណ នឹង​អង្គ​អាត្មា
សូវ​ឱន​កុំ​ងើប សូវ​ស្ងៀម​កុំ​ថា សូវ​គេច​កុំ​ការ
សូវ​កាប់​កុំ​ធ្វេស ។
ឱ​កូន​ពន្លក ច្បាប់​នេះ​បា​យក ស្ងួន​កុំ​ប្រហែស
ច្បាប់​នេះ​ប្រសើរ ហៅ​មហា​ពិសេស កូន​អើយ​កុំ​ធ្វេស
នឹង​ច្បាប់​នេះ​នេះ​ណា ។
មួយ​សោយ​ឯ​ល្បែង សប្បាយ​ចង់​លេង នឹង​មាន​ភរយា
នឹង​កើត​ទុក្ខ​ក្រោយ នឹង​បង់​ទ្រព្យា នឹង​កើត​និន្ទា
បង់​មារយាទ​គាប់ ។
សប្បាយ​ធ្វើ​ស្រែ ចម្ការ​ជួញ​ប្រែ នោះ​មាន​គេ​រាប់
សប្បាយ​មាន​ឆី សប្បាយ​មាន​ទ្រព្យ សប្បាយ​នោះ​គាប់
សប្បាយ​យឺន​យូរ ។
មួយ​សោត​ឯ​ស្រី ចេះ​លើក​យស​ប្ដី ចេះ​គិត​ចេះ​គូរ
ចេះ​រៀប​ចេះ​ចំ ឲ្យ​សម​នឹង​គួរ អ្នក​ផង​នឹង​សួរ
រក​ឈ្មោះ​ពុំ​ខាន ។
នាង​នោះ​ឈ្មោះ​អ្វី មុខ​មាត់​ប្រឹម​ប្រីយ៍ សម​ជា​អ្នក​មាន
ម៉្លោះ​ហើយ​នឹង​កើត ទ្រព្យ​ធន​មិន​ខាន ព្រោះ​ពាក្យ​សន្ដាន
ព្រៀង​លាន​គេ​ទាយ ។
រី​ឯ​ពាក្យ​មនុស្ស ពុំ​ដែល​នឹង​ខុស ហួស​ពី​ទំនាយ
ពុំ​ដែល​នឹង​ល្អៀង មិន​ជិត​មិន​ឆ្ងាយ អ្នក​ផង​ទាំង​ឡាយ
គួរ​គិត​កុំ​ឆ្ងល់ ។
ពាក្យ​ព្រេង​លោក​ថា លោក​មាន​ឧបមា ឲ្យ​គិត​ឲ្យ​យល់
ពាក្យ​លោក​ទំនឹម មិន​មាន​ឲ្យ​សល់ កូន​អើយ​កុំ​ឆ្ងល់
នឹង​ពាក្យ​នេះ​ណា ។
កុំ​អួត​កុំ​អាង​ ដើរ​កុំ​មើល​រាង មើល​អង្គ​អាត្មា
កុំ​ដើរ​ផ្ទះ​គេ ហួស​ពេល​វេលា កុំ​ទៅ​ធានា
ទ្រព្យ​គេ​ទាំង​ឡាយ ។
កុំ​ដេក​ផ្កាប់​មុខ កុំ​ដើរ​ពាន​ថ្លុក ថា​ឯង​សប្បាយ
មាន​ទោស​នឹង​គេ កុំ​ឲ្យ​និយាយ ដើម​គេ​ទាំង​ឡាយ
នឹង​កើត​ទោស​ធំ ។
ខ្លួន​ទាប​កុំ​តោង ដៃ​ខ្លី​កុំ​ឈោង ប្រវា​ឱប​ភ្នំ
ចាស់​កោង​កាន់​ច្រត់ អួត​អាង​ប្រគំ ក្រងួ​អួត​ផ្លុំ
ប៉ី​ពក​យក​ខ្យល់ ។
ខ្វាក់​ឆ្លុះ​កញ្ចក់ ដក​ក​ក្រងក់ ហាក់​ឯង​មើល​យល់
ខ្វិន​អួត​នឹង​ផ្លោះ រំលង​លើ​គល់ ទំពែក​រក​កល់
ចង់​បាន​ប្រេង​លាប ។
ក្រងែង​ចង់​រាំ ក្រោក​ឡើង​ទន្ទាំ កែងកោង​អាប​ឡាប
ថ្លង់​ចង់​ស្ដាប់​ច្រៀង ផ្អង​ផ្អៀង​ទន្ទាប​ ចែ​តូច​ខ្លួន​ទាប
ចង់​ឈោង​ចាប់​ផ្កាយ ។
កូន​អើយ​ចូរ​ស្ដាប់ ពាក្យ​នេះ​មហា​គាប់ គ្រប់​ទ្វា​ទាំង​ឡាយ
បា​គិត​ជញ្ជឹង រំពឹង​ឲ្យ​ឆ្ងាយ កុំ​ធ្វើ​រាយ​មាយ
នឹង​ច្បាប់​នេះ​ណា ។
មួយ​សោត​គេ​ប្រាប់ ថា​បា​ពុំ​គាប់​ ទោស​ដល់​អាត្មា
កុំ​បា​ភ្លឹក​ភ្លាំង ស្លន់ ស្លាំង​កាយា ប្រុង​ប្រាណ​ឥរិយា
ស្មារតី​ឲ្យ​នឹង ។
រិះ​រក​គំនិត ផ្ជុំ​យោបល់​គិត ទង់​ទាញ​សន្ធឹង
ប្រាជ្ញា​មួយ​គិត ថា​ឡើង​ឲ្យ​ដឹង ដម្រិះ​មួយ​វឹង
ធ្វើ​ហាក់​មិន​ភ្លឹក ។
កូន​អើយ​លោក​ថា ពាក្យ​លោក​ឧបមា ដូច​គុជ​សីហ៍​សឹក
កាំ​ភ្លើង​ជ័យ​ធំ ពុំ​ដែល​នឹង​ភ្លឹក ចិញ្ជួច​គគឹក
គគុក​បោល​ចូល ។
ធម្មតា​អ្នក​ជា អ្នក​មាន​ប្រាជ្ញា សន្ដាន​ត្រកូល
ឲ្យ​គិត​ឲ្យ​ដឹង រំពឹង​ឲ្យ​មូល ប្រាជ្ញា​មួយ​ចូល
ចង​ចាំ​ទុក​នៅ ។
កុំ​អួត​កុំ​អាង កុំ​ភូត​បំព្រាង កុំ​ឲ្យ​ចែ​ចូវ
កុំ​កាច់​កុំ​កិន រអីរ​រអូវ កុំ​នាំ​ពាក្យ​ទៅ
ប្រាប់​ឲ្យ​កើត​ទោស ។
កុំ​វេះ​កុំ​វៀន កុំ​បៀត​កុំ​បៀន កុំ​ស្ដី​តោស​ម៉ោស
គ្នា​បាន​ជា​ខុស ឲ្យ​មាន​សន្ដោស កុំ​ហា​ឲ្យ​ហួស
ជ្រួស​ពាក្យ​ទៅ​មុន។
ចូល​សឹក​កុំ​ញោច ជំពាក់​កុំ​បោច ខ្ជិល​កុំ​ចង​ពន្ធ
នឹង​គ្រូ​អាត្មា កុំ​ឲ្យ​លោភ​លន់ សេចក្ដី​ទម្ងន់
សន្សឹម​កុំ​បោល ។
កុំ​អួត​កំឡាំង កុំ​អាង​ខ្លួន​ខ្លាំង រត់​នឹង​ស្រមោល
កុំ​អាង​ខ្លួន​ធំ កុំ​ងាយ​ពាក្យ​ពោល ពាក្យ​ព្រេង​កុំ​ចោល
កុំ​ថ្កោល​ទោស​ សង្ឃ ។
កុំ​ចោល​ផ្លូវ​វៀច កុំ​អាង​អំណាច ដើរ​កាត់​ដម្រង់
ក្រែង​បង់​ឥរិយា សក្តា​ពុំ​គង់ លោក​ហៅ​ថា​ល្ងង់
អ័ប្ប​ឥត​ប្រាថ្នា ។
កូន​អើយ​ចូរ​ស្ដាប់ ពាក្យ​នេះ​មហា​គាប់ មាន​មិត្រ​ស្នេហា
ឲ្យ​មើល​មារយាទ មើល​សព្វ​ឥរិយា ឲ្យ​ដឹង​ជាក់​ជា
កាច​ឬ​វៀច​ត្រង់ ។
ឲ្យ​សម​ឲ្យ​សួន ឲ្យ​ល្មម​នឹង​ខ្លួន ឲ្យ​ជួន​នឹង​អង្គ
សឹម​យក​ជា​មិត្រ ស្និទ្ធ​ស្នេហ៍​ដ៏​លង់ ទៅ​មក​ដម្រង់
ចេញ​ចូល​ឆី​ចុក ។
មិត្រ​មួយ​សោត​ណា​ទៅ​មក​កាន់​គ្នា ចង់​ឲ្យ​កើត​សុខ
មិត្រ​មួយ​ឲ្យ​ទោស ចង់​ឲ្យ​កើត​ទុក្ខ មិត្រ​មួយ​ឲ្យ​ឆុក
ឲ្យ​បាត់​បង់​ទ្រព្យ ។
ឱ​កូន​ពិសី កូន​ប្រុស​កូន​ស្រី​ កូន​អើយ​បា​ស្ដាប់
ទំនឹម​ទំនង គន្លង​ផ្លូវ​ច្បាប់ ទុក​ជា​សណ្ដាប់
នៃ​នរជន​ជាតិ ។
មួយ​សោត​លោក​ថា ឫក​ក្នុង​អាត្មា មាន ៣ ពុំ​ឃ្លាត
មួយ​ឆី​មួយ​ដេក មួយ​ដើរ​ជា​ខ្នាត ឆី​ឥត​មារយាទ
ពុំ​ត្រូវ​សណ្ដាប់ ។
ដើរ​ឥត​បើ​គិត ដើរ​ឥត​គំនិត ហៅ​ខុស​នឹង​ច្បាប់
ដេក​ដល់​ថ្ងៃ​រះ ហៅ​ឥត​គំនាប់ ចង្រៃ​អភ័ព្វ
នឹង​ជាប់​អាត្មា ។
នឹង​ស្វែង​រក​ទ្រព្យ ចង្រៃ​អភ័ព្វ មិន​ឲ្យ​ជំនា
ឲ្យ​កើត​តែ​ទោស នឹង​បង់​ទ្រព្យា នឹង​រក​ភរិយា
ហាក់​ដូច​គេ​ណាយ ។
ព្រោះ​ក្ដី​អភ័ព្វ ចង្រៃ​អព -មង្គល​ទាំង​ឡាយ
ចូល​ក្នុង​អាត្មា មិន​មាន​ទៅ​ឆ្ងាយ ជ្រួត​ជ្រាប​ក្នុង​កាយ
ក្នុង​អង្គ​អាត្មា ។
ទោះ​ប្រុស​ទោះ​ស្រី បើ​មាន​ឫក ៣ ដូច​ច្បាប់​លោក​ថា
ឫក​ដើរ​ឫក​ដេក ឫក​ឆី​អាហារ ជា​អ្នក​រក្សា
ឥរិយា​មារយាទ ។
ខ្លាច​មេ​ខ្លាច​បា ទោះ​បី​ធ្វើ​ការ មិន​មាន​ឲ្យ​ឃ្លាត
ទោះ​បី​នឹង​លើក នឹង​លេង​មាន​ខ្នាត ជា​អ្នក​សង្វាត
ខ្មី​ឃ្មាត​ធ្វើ​ការ
អ្នក​ផង​ទាំង​ឡាយ ទោះ​ជិត​ទោះ​ឆ្ងាយ គេ​យក​ឥរិយា
គេ​យក​ចំណេះ ជា​អ្នក​សៀម​សា គេ​ចង់​បាន​បា
ចង​ពន្ធ​ជា​ញាតិ ។
មាន​ខ្សត់​ពុំ​គិត យក​តែ​គំនិត ឥរិយា​មារយាទ
យក​តែ​របៀប រៀប​ចំ​ជា​ខ្នាត ឧស្សាហ៍​សង្វាត
រក្សា​ទ្រព្យា ។
រី​ម្ដាយ​អា​ពុក នឹង​បាន​លើក​មុខ ដោយ​កូន​ពុំ​ងា
ទាំង​អស់​បង​ប្អូន ជីដូន​ជីតា ម្ដាយ​មីង​នូវ​មា
សឹង​ស្រួល​ចូល​ចិត្ត ។
ដ្បិត​កូន​សុភាព ជា​អ្នក​រាប​ទាប​ ត្រូវ​នឹង​គំនិត
គ្រប់​អស់​បង​ប្អូន ទោះ​ឆ្ងាយ​ទោះ​ជិត សរសើរ​គំនិត
បា​នេះ​ឯង​ណា ។
កូន​អើយ​ចូរ​ស្ដាប់ ចូរ​ចាំ​ឲ្យ​ខ្ជាប់ ទុក​នៅ​អាត្មា
ទំនឹម​ទំនង គន្លង​ឧបមា ព្រះ​ពុទ្ធ​ទេសនា
ទូន្មាន​សត្វ​ហោង ។




ពាក្យមួយចំនួនផ្តើមដោយ រាជ
បានចុះផ្សាយក្នុង អក្សរសាស្រ្តខ្មែរ ដោយ 4cambodia លើ​ ខែ​កុម្ភៈ 14, 2009
រាជកញ្ញា ឬ រាជកន្យា, រាជកម្ម, រាជកកុធភណ្ឌ ,រាជកវី , រាជការ ឬ -ការ្យ, រាជកិច្ច ឬ -ក្រឹត្យ, រាជកិច្ចានុកិច្ច ,រាជក្រីឌា ,រាជកីយ៍ ឬ -កី, រាជកីឡា, រាជកុមារ, រាជកុមារិកា ឬ កុមារី, រាជកុលដ្ឋាន, រាជកុសល, រាជកោដ្ឋាគារ, រាជកោដ្ឋាគារិក, រាជកៅទណ្ឌ, រាជកំណត់, រាជគំនាប់, រាជគំនាល់, រាជគ្រឹហា, រាជគ្រឹះ, រាជគ្រូ, រាជាគណៈ ,រាជឃ្លាំង, រាជង្គរក្ខ ឬ -រក្ស, រាជជននី, រាជឆ្ពឹស ,រាជេន្ទ្រ ,រាជញ្ញត្រកូល, រាជដំណាក់, រាជដំណើរ, រាជតន័យ, រាជតនយា,រាជតាទ្រិ , រាជតាន្វិត ,រាជតេជះ, រាជតេជានុភាព, រាជតម្រាស់, រាជត្រកូល, រាជតម្រិះ, រាជទណ្ឌ, រាជទាន, រាជទារក,​រាជទារិកា, រាជទារក, រាជទិន្ន, រាជទិន្ននាម, រាជទូត, រាជទូតក្រិយា, រាជទេពី ឬ -ទេវី, រាជទេយ្យ, រាជទ្រព្យ, រាជទ្រោហិន, រាជទ្វារបាល,​ រាជធន, រាជធម៌, រាជធានី, រាជធីតា,​ រាជធីតុបតី, រាជធុរៈ , រាជនត្តា,​រាជន័យ, រាជនារី,​ រាជនាវា, រាជនិពន្ធ,​ រាជនិមន្តន៍, រាជនិវេសន៍, រាជនីតិ, រាជបញ្ញាញាណ ឬ រាជប្បញ្ញាញាណ, រាជបញ្ញា, រាជបញ្ជា, រាជបណ្ឌិត, រាជប្បញ្ញត្តិ, រាជបណ្ឌិត្យសភា,រាជបណ្ឌិត្យស្ថាន​,​រាជបណ្ណសាលា,រាជបណ្ណាការ, រាជបណ្ណារក្ស, រាជបណ្ណាល័យ, រាជបណ្តាសា, រាជបត្នី, រាជបថ ឬ -មាគ៌ា, រាជបន្ទូល , រាជបន្ទូលលេខា, រាជបព្វជិត, រាជបរិច្ចាគ, រាជបិរពារ ឬ-បរិវារ, រាជបរិវត្តន៍, រាជបរិសទ្យ ឬ -ស័ទ, រាជបល្ល័ង្គ, រាជបិតា, រាជបុត្រ ឬ -បុត្រា, រាជបុត្រី, រាជបុរស, រាជបុរី,រាជបុរាណ, រាជបុរោហិត, រាជបំណង, រាជបំណន់, រាជបម្រើ,រាជប្រកាស , រាជប្បវេណី ឬ -ប្រពៃណី, រាជប្រវត្តិ ឬ ពង្សាវតារ, រាជពន្ធុ, រាជពល, រាជពលានុភាព, រាជពាហនៈ, រាជពិធី, រាជព្រឹតិ្ត, រាជព្រឹក្ស ,រាជភក្តី, រាជភគនី, រាជភណ្ឌ, រាជភ័យ, រាជភាគិនេយ្យ, រាជភាគិនេយ្យា, រាជភាតា, រាជភូត, រាជភោគ្គ, រាជភោជន, រាជភ្រឹត, រាជមន្ត្រ ឬ ​-មន្ត, រាជមន្ត្រី, រាជមន្ទីរ,រាជមហាមាត្យ ,រាជមហេសី​,រាជមាតា ,រាជមាលកៈ ឬ -មាល័ក ,រាជមុទ្ទិការ ,រាជមុទ្ទា ,រាជលពា្ឆករ ,​រាជមេត្រី ,រាជយាន ,រាជយុទ្ធ ,រាជយោសិត ,រាជរង្គ ,រាជរដ្ឋាភិបាល ,រាជរថ ,រាជឫទ្ធិ ,រាជឫសី ,រាជលក្ខណៈ ,រាជលិខិត ,​រាជលេខា ,រាជលេខាធិការ ,រាជវង្ស ,រាជវង្សានុវង្ស ,រាជវាំង ,រាជវ័តិ ,រាជវេស័្មន ,រាជសទ្ធា ,រាជសត្រ ,រាជសព្ទ ឬ -ស័ព្ទ​ ,​រាជសម្បត្តិ ,រាជសម្ពន្ធមិត្ត ,រាជសភា ,រាជសវនីយ៍ ,រាជសវនីយ៍លេខា ,រាជសាសន៍ ,រាជរាស្ត្រ ,រាជសីហ៍ ,រាជសុណិសា ,​រាជសេនា ,រាជសេនាមាត្យ ,រាជសេវកៈ ,រាជសេវកាមាត្រ ,រាជសម្នាក់ ,រាជស្រឹង្គារ ,រាជហត្ថលេខា ,រាជហឫទ័យ ,រាជអាមាត្យ ,​រាជាមាត្យ ,រាជអាជ្ញា ,រាជអាណាចក្រ ,រាជាណាចក្រកម្ពុជា ,រាជឧិង្ការ ,រាជឧិង្ការនូវព្រះសីហនាថ ,រាជឧិង្ការលេខា ,រាជអំណោយ ,​​​រាជាធិការី ,រាជាធិការិនី ,រាជាធិការិកា ,រាជាធិបតី ,រាជាធិរាជ ,រាជាធិបតេយ្យ ,រាជានុញ្ញាត ,រាជានុភាព ,រាជាភិសេក ,រាជាយតនៈ ,​រាជាយតនចេតិយ, រាជាយតនព្រឹក្ស,រាជាយុត្តកៈ ,រាជាយុត្តកសភា ,រាជ្យាង្គ ,រាជាវលី ,រាជាសនៈ ,រាជូបករណ៍ ឬ រាជោបករណ៍ ,​រាជូបដ្ឋាក ,រាជូបត្ថម្ភ ,រាជូបភោគ ,រាជេន្ទ្រ ,រាជោវាទ




ឲ្យណោតខ្ញុំឲ្យច្រើន

កាល ​ពី​ជំនាន់​ដើម នៅ​ប្រទេស​អារ៉ាប់ ប្រជាជន​អារ៉ាប់ បាន​កាន់​ទំនៀម​ទំលាប់​ម្យ៉ាង​គួរឲ្យ​ភ័យ​រន្ធត់។ ទំនៀមទំលាប់​នោះ​បាន​តម្រូវ​ឲ្យ​ភរិយា​ទាំង​ឡាយ​ ដុត​ខ្លួន​ទាំង​រស់​ឲ្យ​ស្លាប់​តាម​ប្តី កាល​បើ​ប្តី​ខ្លួន​ស្លាប់។ ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ឲ្យ​បាន​កើត​ជា​ស្រី​សួគ៌។ ពិធី​ដុត​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​យ៉ាង​ឱឡារិក​​នៅ​ចំពោះ​មុខ​សាធារណជន។ ស្រី​ម៉េម៉ាយ​ត្រូវ​លោត​ទៅលើ​សព​ប្តី​ខ្លួន​ដែល​កំពុង​តែ​ឆេះក្នុង​ភ្លើង​​ សន្ធោសន្ធៅ​។ កុល​សម្ព័ន្ធ​ណា​មួយ​ឬ​ភូមិ​ណា​មួយ ដែល​មាន​ស្រី​ម៉េម៉ាយ​ដុត​ខ្លួន​ច្រើន​ជា​ង​គេ​ គេ​ចាត់​ទុក​ថា​កុលសម្ព័ន្ធ​ឬ​ស្រុក​ភូមិ​នោះ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​គួរឲ្យ​គោរព​ជាង​គេ​បំផុត។
ពោល​មក​ ដល់​ត្រឹម​នេះ​ភ្លាម សាស្ត្រាចារ្យ​ម្នាក់​ដែល​ជា​មេ​ប្រយោគ​សួរ​ផ្ទាល់​មាត់​នៅ​ក្នុង​សម័យ​ ប្រឡង​បាក់​អង បាន​ឃាត់​នាង​ក្រមុំ​ម្នាក់​ជា​បេក្ខជន មិន​ឲ្យ​និយាយ​តទៅ​ទៀត ដោយ​ពោល​ញញឹម​ថា៖
-ប៉ុណ្ណឹង​បាន​ហើយ។ នាង​ចាំ​រឿង​ហ្នឹង​គ្រាន់​បើ។​ អ្នក​ណា​ជា​អ្នក​និពន្ធ​រឿងហ្នឹង?
-គឺលោក​វ៉ុលទែរ អ្នក​និពន្ធ​ជាតិ​បារាំង នៅ​សតវត្សរ៍ទី​ដប់​ប្រាំ​បី។
- នៅ​ពេល​ដែល​ដឹង​ថា​នាង​ម៉េម៉ាយ​ម្នាក់​ មាន​បំណង​នឹង​ដុត​សម្លាប់​ខ្លួនទៅ​តាម​ប្តី តើ​សាឌីក ដែល​ជា​តួអង្គ​ក្នុង​រឿង​ មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ?
បន្ទាប់​ពី​នៅ​ស្ងៀម​មួយ​សន្ទុះ​មក ទំនង​ជា​នឹកគិត​ប្រមូល​គំនិត​សំខាន់ៗ នាង​ក្រមុំ​ក៏​ញញឹម​ពព្រាយ​ រួច​ឆ្លើយ​ថា៖
- សាឌីក ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ដ៏​រន្ធត់​នេះ។ គាត់​ចង់​ឲ្យ​មេ​កុល​សម្ព័ន្ធ​លុប​ចោល​របៀប​ចង្រៃ​នោះ​ចេញ ក៏​ប៉ុន្តែ​បម្រើ​របស់​គាត់​ម្នាក់​ប្រាប់​ថា គ្មាន​នរណា​ហ៊ាន​ប៉ះ​ពាល់​ទេ ព្រោះ​ជា​ប្រពៃណី​ដែល​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ឥលូវ​ក្លាយ​ជា​ច្បាប់​ ប្រចាំ​ជីវិត​របស់​ស្រី​គ្រប់​រូប​ទៅ​ហើយ។
- ​សាឌីក​សុំ​ឲ្យ​មេកុល​សម្ព័ន្ធ​ធ្វើ​ច្បាប់​មួយ។ ច្បាប់​នោះ​ចែង​ថា​ម៉េច?
- មុន​នឹង​អនុញ្ញាត​ឲ្យ​ស្រី​ម៉េម៉ាយ​ណា​ម្នាក់​ដុត​ខ្លួន​បាន លុះ​ត្រា​តែ​ស្រី​នោះ​បាន​ជួប​និយាយ​សាសង ដោយ​ស្ងាត់​តែ​ពីរ​នាក់​ ជា​មួយ​នឹង​ប្រុស​កម្លោះ​ណា​ម្នាក់ ឲ្យ​បាន​មួយ​ម៉ោង​ពេញ​លេញ​រួច​ហើយ​សិន។
- ហេតុអ្វី​បាន​ជា​សាឌីក​សុំឲ្យ​បង្កើត​ច្បាប់​ហ្នឹង?
- ដើម្បី​កុំ​ឲ្យ​ស្រី​ម៉េម៉ាយ​ដុត​ខ្លួន។
- តាំង​ពី​កើត​ច្បាប់​ហ្នឹង​មក តើ​ស្រី​ម៉េម៉ាយ​សុខ​ចិត្ត​ដុត​ខ្លួន​ដូច​មុន​ទេ?
- ចាស អត់​ទេ។
- ម៉េច​បាន​ជា​ស្រី​ម៉េម៉ាយ​បាន​ជួប​ប្រុស​កម្លោះ​នៅ​កន្លែង​ស្ងាត់​តែ​ពីរ​ នាក់​ហើយ ស្រាប់​តែ​ឈប់​ដុត​ខ្លួន​តាម​ទំនៀម​ទំលាប់​អញ្ចឹង​ទៅ​វិញ។
ដោយ​ឃើញ​ នាង​ក្រមុំ​ ទឹក​មុខ​ឡើង​ក្រហម​ ឱន​មុខ​មើល​ទៅ​ក្រោម ទំនង​ជា​អៀន​មិន​ហ៊ាន​ឆ្លើយ លោក​សាស្ត្រាចារ្យ​កម្លោះ​សុទ្ធសាធ ដូច​សំពត់​ក្រៅ​ផ្នត់ ក៏​បង្ហើរ​ល្បោយ​ទៅ​ទៀត​ថា៖
- បើ​សិន​ជា​នាង​ជា​តួ​អង្គ​ស្រី​ម៉េម៉ាយ ហើយ​បាន​សម្រេច​ចិត្ត​លោត​ចូល​ភ្លើង ឲ្យ​ស្លាប់​តាម​ប្តី​រួច​ហើយ ក៏​ប៉ុន្តែ​គេ​អនុញ្ញាត​ឲ្យ​ប្រុស​កម្លោះម្នាក់ មក​ជួប​និយាយ​លួង​លោម​នាង​នៅ​កន្លែង​ស្ងាត់​តែ​ពីរ​នាក់ តើ​នាង​សុខ​ចិត្ត​ស្លាប់​ឬ​នាង​ចង់​រស់​វិញ?
នាង​ក្រមុំ​នៅ​​តែ​ឱន​មុខ​ទៅ​ក្រោម​ដដែល។ នាង​ឆ្លើយ​យ៉ាង​រហ័ស​ ទំនង​ដូច​ជា​គោ​ស្ទាវ​ផ្អើល​ថា៖
- ខ្ញុំ​លោត​ចូល​ភ្លើង​ឲ្យ​ស្លាប់!
- ចុះ​បើ​ប្រុស​កម្លោះ​នោះ ជា​រូប​ខ្ញុំ​វិញ តើ​នាង​ចង់​រស់​ទេ?
ដោយ​ឃើញ​ នាង​ក្រមុំ​មុខ​ឡើង​ក្រហម រឹត​តែ​ស្រស់​ឡើង​មួយ​កម្រិត​ទៀត ហើយ​ឱន​មុខ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទាល់​តែ​សោះ លោក​មេ​ប្រយោគ​អារាត់​អារាយ ក៏​និយាយ​សម្លុត​ដោយ​សម្តី​តិចតិច​ថា៖
- បើ​មិន​ឆ្លើយ ខ្ញុំ​ឲ្យ​សេរ៉ូ!
នាង​ ក្រមុំ​ងើប​មុខ​ឡើង សម្លឹង​លោក​មេ​ប្រយោគ​ដោយ​អឹម​អៀន ដួង​នេត្រា​មាន​ពន្លឺ​ចម្លែក​អស្ចារ្យ វង់​ភក្រ្តក្រហម​រងាល​ដូច​រងើកភ្លើង រួច​ក៏​ទម្លាក់​មុខ​ទៅ​ក្រោម​វិញ ហើយ​ពោល​ដោយ​ញ័រៗ​កំបុត​ៗ​ថា៖
- ចាស ចង់​រស់….ក៏​ប៉ុន្តែសូម​លោក​គ្រូ….ឲ្យ​ណោត​ខ្ញុំ​ឲ្យ​ច្រើន!